MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី​អញ្ជើញជាអធិបតីក្នុងពីធី​បើកការដ្ឋានស្ថាបនាផ្លូវ បេតុងមួយខ្សែ​នៅ​ស្រុក​ព្រៃនប់​ខេត្តព្រះសីហនុ

បោះពុម្ភ

នៅព្រឹកថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០១៧​ផ្លូវបេតុងមួយខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនា​បតីតេជោ​ហ៊ុន​សែន​​នាយក​រដ្ឋមន្រ្ដី នៃកម្ពុជា ស្ថិតនៅ​ស្រុកព្រៃនប់​ខេត្តព្រះសីហនុ​ត្រូវបានប្រារព្ធពិធីបើកការដ្ឋានស្ថាបនា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ុក​រ៉ាប៊ុន​រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ​ដោយមានការចូលរួមពី​ឯកឧត្ដម​ប៉ុល​សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ​ ។


នៅក្នុងសន្ទរកថាស្វាគមន៍​និងរបាយការណ៍របស់​ឯកឧត្ដម យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ​បានបញ្ជាក់ថា៖ ផ្លូវបេតុងប្រវែង ៧ ៣០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ដែលកំពុងប្រារព្ធពិធីបើកការដ្ឋានស្ថាបនា នាពេលនេះមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៤​ត្រង់ចំណុចភូមិអូរចំណារ ឃុំអូរឧកញ្ញាហេង ទៅដល់ភូមិកោះខ្យង ឃុំអូរជ្រៅស្រុកព្រៃនប់​ដោយឆ្លងកាត់ឃុំចំនួន៣​គឺឃុំអូរឧកញ្ញាហេង​ឃុំបឹងតាព្រហ្ម​និងឃុំអូរជ្រៅ ដែយមានប្រជាពលរដ្ឋរស់នៅសរុប ៤៣៨៨ គ្រួសារ។ ឯកឧត្ដម បានលើកឡើងពីសារសំខាន់នៃខ្សែផ្លូវនេះ គឺជាផ្លូវសេដ្ឋកិច្ចសម្រាប់វិស័យដឹកជញ្ជូនភោគផលនេសាទ និងទំនិញផ្សេងៗពីតំបន់សមុទ្រទៅកាន់ទីប្រជុំជនផ្លូវជាតិលេខ៤​ជួយដល់ការដឹកជញ្ជូន និងធ្វើដំណើររបស់កម្មករ​កម្មការីនីទៅកាន់រោងចក្រ​សហគ្រាស ព្រមទាំងបម្រើឲ្យវិស័យទេសចរណ៍ទៅកាន់តំបន់កោះ និងរមនីដ្ឋាននានាផងដែរ ។

មានប្រសាន៍ក្នុងឱកាសបើកការដ្ឋាន​ឯកឧត្តមបណ្ឌិត​អ៊ុក​រ៉ាប៊ុន​បានបញ្ជាក់ថា៖រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា​បាននាំមកនូវសុខសន្តិភាព​ស្ថិរភាពនយោបាយ ដែលជាជាឱកាសអភិវឌ្ឍន៍ប្រទេសជាតិ ។ ទាក់ទិនទៅនិងការងារអភិវឌ្ឍន៍ជនបទ ឯកឧត្ដម បានបញ្ជាក់បន្ថែមថា សម្ដេចតេជោ​នាយករដ្ឋមន្រ្ដី​បានចាត់ទុកថា​ការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដជាវិស័យអាទិភាពដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបានធ្វើកំណែទម្រង់វិស័យហេដ្ឋារចនា សម្ព័ន្ធ​ផ្លូវ​ថ្នល់​ដើម្បីបង្ខិតគម្លាតឲ្យជិតគ្នារវាងទីក្រុង​និងជនបទ​។​ជាមួយនេះ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពដល់ក្រសួងអភិវឌ្ឍន៍ជនបទឲ្យកែលម្អផ្លូវក្រាលក្រួសក្រហមនៅជនបទឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ​DBST​និងក្រាលបេតុង​ដើម្បីធានាបានការប្រើប្រាស់បានគ្រប់រដូវកាល ជាក់ស្ដែងដូចជាផ្លូវ​ដែលបានប្រារព្ធពិធីបើកការដ្ឋាននាពេលនេះ​។​ឯកឧត្ដមរដ្ឋមន្រ្ដី បានអំពាវនាវសុំឲ្យប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមសហការជាមួយមន្រ្ដីប្រចាំការនៅការដ្ឋានឲ្យបានល្អដើម្បីដំណើរការស្ថាបនាផ្លូវនេះបានឆាប់រហ័ស​ហើយនៅពេលស្ថាបនារួចត្រូវបើកបរ​ដោយយោគយល់គ្នា​គោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។​ តមកគណអធិបតី​បានចែកវត្ថុអនុស្សាវរីយ៍​និងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ជូនតាជី​យាយជី​សិស្សានុសិស្ស​ប្រជាពលរដ្ឋចូលរួម ព្រមទាំងបានអញ្ជើញបញ្ជាគ្រឿងចក្រជានិមិត្តរូបបើកឲ្យដំណើរការការដ្ឋានផងដែរ​។​សូមបញ្ជាក់ថា ផ្លូវបេតុងប្រវែង​៧​៣០០ ម៉ែត្រនេះនឹងប្រើរយៈពេល ៣ ខែ និងអនុវត្តដោយកងវិស្វកម្មសម្ដេចតេជោ ហ៊ុន សែន សៀមរាប ៕

អត្ថបទលោក ជា វិសែស

You are here ផ្សេងៗ ផ្សេងៗ ២០១៧ ឯកឧត្ដមបណ្ឌិតរដ្ឋមន្ត្រី​អញ្ជើញជាអធិបតីក្នុងពីធី​បើកការដ្ឋានស្ថាបនាផ្លូវ បេតុងមួយខ្សែ​នៅ​ស្រុក​ព្រៃនប់​ខេត្តព្រះសីហនុ