MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាង​សង់​មជ្ឈ​មណ្ឌល​​បណ្ដុះ​បណ្ដាល “ចលនា​ភូមិ​ថ្មី” នៅខេត្ត​កំពង់ស្ពឺ

បោះពុម្ភ

នៅរសៀលថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៧ គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋ​មន្តី្រ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ រួមដំណើរដោយ សួស គង់ និងអ៊ូ សំអួន រដ្ឋលេខាធិការ និងមន្រ្ដី​អនុវត្ត​គម្រោង ជាច្រើនរូបទៀត បានអញ្ជើញទៅពិនិត្យរដ្ឋានសាងសង់”មជ្ឈមណ្ឌលបណ្ដុះបណ្ដាលចលនា​ភូមិ ថ្មី​កម្ពុជា” ស្ថិតនៅក្នុងភូមិផ្គង់ សង្កាត់ច្បារមន ក្រុង​ច្បារមន​​​ខេត្តកំពង់ស្ពឺ​ ។ រហូតមកដល់​ពេល​នេះ​​វឌ្ឍនភាព​នៃការងារ​សាង​សង់អគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត​ សម្រេច​បាន​ប្រមាណ ​៧០%ហើយ ហើយគ្រោងនឹងសម្រេចឲ្យបាន ១០០% នៅបំណាច់ខែ មីនា ខាងមុខនេះ ។


នៅក្នុងឱកាសនោះ ឯកឧត្ដម អ៊ូ សំអួន រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធា​នគណៈកម្មការ​គ្រប់គ្រង​និងដឹកនាំ​គម្រោង​អភិវឌ្ឍន៍​ជនបទដោយប្រើប្រាស់វិធីសាស្រ្ដចលនាភូមិថ្មី បានជម្រាបឲ្យដឹងថា មជ្ឈមណ្ឌល​បណ្ដុះ​​បណ្ដាល​ចលនា​ភូមិថ្មីកម្ពុជា បានចាប់ផ្ដើមសាងសង់កាលពីដើមឆ្នាំ ២០១៦ ដោយបានសាងសង់​ឡើងតាម​រចនាបថ​ខ្មែរ​ នៅលើ​​ផ្ទៃដីទំហំ ១០,២ ហិកតា មានកំពស់ពីរ​ជាន់ប្រើប្រាស់សម្រាប់កិច្ចការ រដ្ឋបាល អប់រំ និង​​សម្រាប់​ស្នាក់នៅ ។ មជ្ឈ​មណ្ឌល​​នេះមានអាគារមេមួយ សម្រាប់​​ការបណ្ដុះបណ្ដាល អាគារ​ស្រស់​ស្រូប​អាហារ​ បន្ទប់​ស្នាក់​នៅ ទីធ្លារ​សម្រាប់​​ហាត់​កីឡា និងទីធ្លារចតរថយន្ដ។ ក្នុង​អាគារ​មេ​​នេះ​មាន​ថ្នាក់​រៀន​ចំនួន ​០៣ បន្ទប់ បន្ទប់​​​​ពិ​ភា​ក្សា​ ០២ បន្ទប់​ប្រជុំ ០១ បន្ទប់​សោតទស្សន៍ ០១ បណ្ណាល័យ ០១ បន្ទប់​ថែទាំ​សុខភាព​ ០១ និង​បន្ទប់​សម្រាប់​​​​កិច្ច​ការ​រដ្ឋបាល ព្រម​ទាំង​មាន​បំពាក់​ឧបករណ៍​បរិក្ខារចាំបាច់មួយចំនួនផងដែរ ។

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា​ កាលពីឆ្នាំ ២០១៥ សម្ដេចតេជោ ហ៊ុន សែន នា​យក​រដ្ឋ​មន្រ្ដី​ បាន​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​​អភិវឌ្ឍន៍ជនបទដឹកនាំក្រុមការងារ ដើម្បីរៀបចំ សម្រប​សម្រួល និងអនុវត្ត​គោលនយោបាយ​អភិវឌ្ឍ​ន៍ជនបទ ​ដោយ​ប្រើ​ប្រាស់វិធី​សាស្រ្ដ​​​ចលនាភូមិថ្មី ដែលជា​គម្រោង​យក​គំរូ និង​បទ​ពិសោធន៍​ពី​សាធារណរដ្ឋ​កូរ៉េ ហើយ​បាន​ និងកំពុង​កែប្រែ​ទៅតាម​ស្ថានភាព​ជាក់​ស្តែង​នៅ​កម្ពុជា តាម​រយៈ​កិច្ច​សហការ​រវាង​រដ្ឋាភិ​បាល​កម្ពុជា និង សាធារណរដ្ឋកូរ៉េ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។ គម្រោងនេះមាន​រយៈ​ពេល​ ៥ ឆ្នាំ (២០១៤-២០១៨) ក្រោម​ហិរញ្ញ​ប្បទាន​ឥត​សំណង​របស់​សាធារណរដ្ឋ​កូរ៉េ តាមរយៈទីភ្នាក់ងារ​សហ​ប្រតិ​បត្តិ​ការអន្ដរ​ជាតិ​កូរ៉េ​ (KOICA)​ ដោយ​ផ្ដោត​ទៅលើសមាសធាតុធំៗចំនួន ៣ គឺ ទី ១ គឺសម្រាប់តាក់​តែង​គោល​នយោបាយ​អភិវឌ្ឍន៍​​ជនបទ ទី ២ សម្រាប់ អនុវត្ត​សាកល្បង​​នៅ​ក្នុង​ភូមិ​ចំនួន ៣០ ក្នុងខេត្តកំពង់ស្ពឺ តាកែវ និងខេត្តត្បូងឃ្មុំ និងទី ៣ គឺសាងសង់​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាលមួយ​កន្លែង​ដែល​កំពុង​ដំណើរ​ការ​សាង​សង់​នាពេល​នេះ​ ។ ឯកឧត្តម​រដ្ឋមន្រ្ដី បានរំលឹកដល់មន្រ្ដី ប្រចាំ ការ នៅការដ្ឋានត្រូវខិតខំជម្រុញការងារសាងសង់ និងអនុវត្តឲ្យបានត្រឹមត្រូវតាម​គំនូស​ប្លង់​ ព្រមទាំងធានាឲ្យបាន ទាំងគុណភាព និងសោភ័ណ្ឌភាព ៕

អត្ថបទលោក ជា វិសែស

You are here SMU ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី អញ្ជើញ​ពិនិត្យ​ការដ្ឋាន​សាង​សង់​មជ្ឈ​មណ្ឌល​​បណ្ដុះ​បណ្ដាល “ចលនា​ភូមិ​ថ្មី” នៅខេត្ត​កំពង់ស្ពឺ